នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៧ (IPU147) នៅប្រទេស Angola គណៈប្រតិភភូសភាកម្ពុជា បានអញ្ជើញបន្តចូលរួមក្នុងអង្គសន្និបាត IPU (Assembly)។ ក្នុងឱកាសនោះ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាទូទៅ (General Debate) ក្រោមមូលបទ “សកម្មភាពសភាដើម្បីសន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ” ។ ឯកឧត្តមប្រធានគណៈប្រតិភូ បានជម្រាបជូនអង្គសន្និបាតអំពីការសម្រេចបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ការគោរពលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា តាមរយៈការបោះឆ្នោតប្រកបដោយតម្លាភាព យុត្តិធម៌ ភាពត្រឹមត្រូវ និងគ្មានអំពើហិង្សាយ៉ាងទៀងទាត់ទៅតាមច្បាប់។ ឯកឧត្តមប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានអំពាវនាវឱ្យប្រទេសមហាអំណាច និងប្រទេសអភិវឌ្ឍន៍ធំៗ បង្កើនធនធាន និងការប្តេជ្ញារបស់ខ្លួនទ្វេដង ដើម្បីជួយជ្រោមជ្រែងកិច្ចប្រឹងប្រែងសកលឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពចំណុចទី១៦ (SDG16) សម្រាប់ប្រយោជន៍រួមរបស់ប្រជាជនទាំងអស់នៅក្នុងពិភពលោក។
នៅថ្ងៃដដែល គណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំបណ្តាញសភានៃក្រុមប្រទេសមិនចូលបក្សសម្ព័ន្ធ (NAM) កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គណៈកម្មាធិការទទួលបន្ទុកការអភិវឌ្ឍប្រកបដោយចីរភាព និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការអង្គការហប្រជាជាតិ និងកិច្ចប្រជុំសមាគមអគ្គលេខាធិការសភាពិភពលោក (ASGP)។
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន